នរណាក៏ស្គាល់មីង យ៉ាន ដែរ ព្រោះគាត់ជាមនុស្សដែលល្បីថាកាចជាងគេនៅក្នុងភូមិ ហើយគាត់មានប្តីឈ្មោះថាពូ ចយ។ ថ្ងៃមួយ ពេលដែលពូ ចយ កំពុងអង្គុយអានកាសែត ស្រាប់តែមីង យ៉ាន វាយក្បាលគាត់មួយខ្ទះឆាលាន់ឮសូរផាំង។ ពូ ចយ : ម៉េចបានជាយាយបិុឯងវាយក្បាលខ្ញុំ? មីង យ៉ាន: ពេលខ្ញុំគក់ខោអាវគាត់ឯង ខ្ញុំបានឃើញក្រដាសមួយសន្លឹកមានសរសេរឈ្មោះ “ស្រីស្រស់ ចម្ប៉ា”។ ពូ ចយ : នេះម៉ែវាឯងភ្លេចហើយឬអី ក្រែងកាលពីម្សិលមិញយើងទៅមើលការប្រណាំងសេះជាមួយគ្នា? ហ្នឹងគឺជាឈ្មោះសេះ ដែលខ្ញុំចាក់លុយ។ ចម្លើយនេះហាក់ដូចជាសមហេតុសមផល ធ្វើឲ្យមីង យ៉ាន មិនតបអ្វីទាំងអស់ រួចគាត់ដើរចេញទៅក្រៅបាត់។ បីថ្ងៃក្រោយមក ពេលពូ ចយ កំពុងអានកាសែត ស្រាប់តែមីង យ៉ាន ដើរក្រវែលពីក្រោយពូ ចយ ហើយក៏ពួយពូ ចយ ក្បាលគាត់មួយខ្ទះឆាទៀត។ ពូ ចយ : ម៉េចបានជាយាយបិុឯងវាយក្បាលខ្ញុំទៀតហើយ? មីង យ៉ាន: មុនហ្នឹង...! សេះអាតាបិុឯងទូរស័ព្ទមក៕
|